ច្បាប់ ឬបទបញ្ញត្តិផ្ទៃក្នុងរបស់សមាគមវត្តខ្មែរយើង៖

វត្តយើងគឺជាកន្លែងប្រជុំជន ឬកន្លែងធ្វើបុណ្យទានព្រះពុទ្ធសាសនា នៅទីនេះ ពួកយើងថែរក្សានិងជួយទំនុកបម្រុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ជាមួយនឹងបងប្អូន គ្រប់ឋានៈ ។ នៅក្នុងវត្ត ពួកយើងមិនភ្ជាប់ចំណង មិនស្ថិតក្រោមឥទ្ធិពល, មិនទទួលបន្ទុករ៉ាប់រង ឬក៏ផ្សព្វផ្សាយ តាមទស្សនៈនៃគណៈបក្សនយោបាយណាមួយឡើយ ។ គោលដៅសំខាន់បំផុតរបស់យើង គឺការរាប់អានគ្នាដោយស្មោះត្រង់ និងការគោរពសិទ្ធិគ្នាទៅវិញទៅមក ។
សមាគមពុទ្ធសាសនាវត្តខ្មែរ បើកចំហរគ្រប់ពេលវេលាសម្រាប់ភ្ញៀវគ្រប់ឋានៈ ហើយនិងលោកអ្នកដែលចង់ជួយឧបត្ថម្ភ គាំទ្រវត្តយើង ទោះលោកអ្នកមានសញ្ជាតិសាសន៍អ្វីក៏ដោយ មានមនោគមវិជ្ជា មានទស្សនៈគំនិតយ៉ាងណា ឬក៏មកពីគណៈបក្សនយោបាយណាក៏ដោយ យើងខ្ញុំសូមស្វាគមន៍ជានិច្ច… ។ ដូចនេះ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា ពួកយើងសូមរៀបចំវត្តឲ្យនៅជាអព្យាក្រឹត្យ (កណ្តាល) គឺថាវត្តយើងនេះមិនមែនជាវេទិកា (ទីលាន) ផ្សព្វផ្សាយធ្វើពាណិកម្មឃោសនា ផ្តល់ប្រយោជន៍ឱ្យគណៈបក្សឬក៏គាំទ្រទំនុកបម្រុងនូវមនោគមវិជ្ជារបស់បក្សណាមួយឡើយ ។

សូមអរគុណ !